លោក អ៊ឹង ស៊ីវខូវ

លោក អ៊ឹង ស៊ីវខូវ

ប្រធានក្រុមប្រឹក្សាភិបាល

លោក អ៊ឹង ស៊ីវខូវ ជាដំបូងបានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារឯកទេស ដូនពេញ ម.ក ក្នុងឆ្នាំ ២០២៤ និងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ ២០២៥។ លោកមានបទពិសោធន៍វិជ្ជាជីវៈ ជិតមួយទសវត្សរ៍ ក្នុងវិស័យហិរញ្ញវត្ថុ ការវិនិយោគ និងវិស័យអចលនទ្រព្យ ដោយផ្តោតសំខាន់លើអភិបាលកិច្ចសាជីវកម្ម ការអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងពង្រឹងការលូតលាស់នៃស្ថាប័ន។

លោកបានកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។ កន្លងមក លោកធ្លាប់បានកាន់តួនាទីជា អគ្គនាយកនៃក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងដឹកនាំការអភិវឌ្ឍន៍គម្រោង អ៊ឹង ស៊ីធី ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ធំស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ក្នុងតួនាទីនេះ លោកទទួលបន្ទុកលើការរៀបចំផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រងការវិនិយោគ និងភាពជាដៃគូសាជីវកម្ម របស់ក្រុមហ៊ុន។

បច្ចុប្បន្ន លោកកាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើន ដែលកំពុងប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យានៅកម្ពុជា។ តួនាទីទាំងនោះរួមមាន៖ ជាភាគទុនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ដែលនៅទីនោះ លោកបានចូលរួមចំណែកយ៉ាងសកម្មក្នុង អភិបាលកិច្ចជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ស្ថាប័ន ព្រមទាំងកាន់កាប់ភាគហ៊ុន និងមានតំណែងជាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក និងក្រុមហ៊ុន មជ្ឈមណ្ឌលទិន្នន័យ ដូនពេញ ជាដើម។ ក្រៅពីនេះ លោកក៏មានសកម្មភាពយ៉ាងសកម្មក្នុងការផ្តួចផ្តើមគំនិតធុរកិច្ចអន្តរជាតិផងដែរ ដោយចាប់តាំងពីឆ្នាំ ២០១៨ លោកជាតំណាងភាគទុនិក និងជាប្រធានក្រុមហ៊ុន Euphoria Sana Holding Corp. នៅប្រទេសកាណាដា។ បន្ថែមលើសពីនេះ លោកក៏មានការចូលរួមជាមួយក្រុមហ៊ុន អេធីអេហ្វអេកស៍ (ខេមបូឌា) ឯ.ក ក្នុងការរួមចំណែកអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ និងវិស័យឈ្មួញជើងសា នៅក្នុងប្រទេសកម្ពុជា។

ក្រៅពីតួនាទីជាក្រុមប្រឹក្សាភិបាល បច្ចុប្បន្នលោកក៏ជាប្រធាននាយកដ្ឋានទំនាក់ទំនង នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ទទួលបន្ទុកគាំទ្រដល់យុទ្ធសាស្ត្រសាជីវកម្ម ការផ្សារភ្ជាប់ជាមួយភាគីពាក់ព័ន្ធ និងទំនាក់ទំនង របស់ស្ថាប័ន។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត លើមុខជំនាញ Project Management ពីសាកលវិទ្យាល័យ Westminster នៃចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២២ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ មុខជំនាញ Business Management ពីមហាវិទ្យាល័យ St Mary’s Twickenham ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២០។

ឆ្លងកាត់បទពិសោធន៍ប្រកបដោយវិជ្ជាជីវៈដ៏សម្បូរបែបទាំងនេះ លោកបានអភិវឌ្ឍន៍នូវភាពជំនាញដ៏ស៊ីជម្រៅរបស់លោកលើអភិបាលកិច្ចសាជីវកម្ម យុទ្ធសាស្ត្រវិនិយោគ និងការអភិវឌ្ឍធុរកិច្ចពហុវិស័យ ដែលផ្តោតលើការផ្តល់សន្ទុះដល់កំណើនប្រកបដោយចីរភាព និងភាពរឹងមាំនៃស្ថាប័ន ក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងវិវត្តនៅក្នុងប្រទេសកម្ពុជា។