កិច្ចការដើម្បីសង្គម

១. តើទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនមានអត្ថន័យដូចម្តេច?

ទំនួលខុសត្រូវសង្គម (ស៊ី អេស អរ) គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាជីវកម្មមួយ ក្នុងការគិតគូរអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្មរបស់ខ្លួនទៅលើសង្គម និងបរិស្ថាន និងធ្វើប្រតិបត្តិការប្រកបដោយទំនួលខុស ត្រូវ។ នៅធនាគារឯកទេស ដូនពេញ ម.ក យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈដល់ធនធានមនុស្សរបស់យើង ដើម្បីអាចបំពេញតួនាទីក្នុងលក្ខណៈជំនាញវិជ្ជាជីវៈ និងផ្តល់ជូនអតិថិជននូវ បទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ក្នុងតម្លៃសមរម្យ។

យើងជឿជាក់លើតម្លៃនៃភាពស្មោះត្រង់ និងមានគោលការណ៍សីលធម៌រឹងមាំគ្រប់ពេល និងគ្រប់ស្ថានភាព ដើម្បីលើកកម្ពស់អាជីវកម្មរបស់ខ្លួនឱ្យមានបទដ្ឋានមួយ ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ។ យើងមាន ទំនួលខុសត្រូវលើរាល់សកម្មភាពរបស់យើង ចំពោះអតិថិជន ភាគទុនិក ដៃគូអាជីវកម្ម និងសហគមន៍ទាំងមូល។ យើងជឿជាក់ថា ទំនួលខុសត្រូវ គឺជាកូនសោឆ្ពោះទៅកាន់ ភាពជឿទុកចិត្ត និងជោគជ័យ។

យើងធ្វើកិច្ចការ ទំនួលខុសត្រូវសង្គម ដូចដែលយើងប្រកបអាជីវកម្មជាធម្មតាដែរ ។ យើងសម្រេចថា ផ្នែកណា ឬសកម្មភាពណាដែលត្រូវផ្តោតការយកចិត្តទុកដាក់ គឺត្រូវផ្អែកលើធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ដូចជា អតិថិជន សហការី ដៃគូអាជីវកម្ម អ្នកផ្គត់ផ្គង់ និងភាគទុនិក ជាដើម។

២. តើយើងចូលរួមចំណែកក្នុងសង្គមយ៉ាងដូចម្តេច?

តួនាទីសំខាន់របស់ធនាគារនៅក្នុងសង្គម គឺផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីជួយពលរដ្ឋ និងអាជីវកម្ម ឱ្យសម្រេចគោលដៅរបស់ពួកគេ និងឈានដល់សក្តានុពលរបស់ពួកគេ។ យើងជឿជាក់ថាក្រមសីលធម៌អាជីវកម្ម សកម្មភាពសប្បុរសធម៌ដទៃទៀត និងសកម្មភាពខាងវប្បធម៌ និងបរិស្ថានសង្គម ដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់ ដល់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលគ្របដណ្តប់លើ ការទទួលខុសត្រូវផ្នែកសេដ្ឋកិច្ច ការទទួលខុសត្រូវផ្នែកច្បាប់ ការទទួលខុសត្រូវខាងសីលធម៌ និងទំនួលខុសត្រូវសម្រាប់ជាតិ/ មនុស្សជាតិ។

ក. ក្រមសីលធម៌អាជីវកម្មរបស់យើង

ខាងក្រោមនេះ គឺជាអ្វីដែលធនាគារ បាន និងកំពុងបន្តអនុវត្តសម្រាប់អតិថិជន កម្មករនិយោជិត និងសហគមន៍/សង្គម៖

សម្រាប់អតិថិជន

  • ផ្តល់យោបល់អំពីផែនការហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុរបស់ពួកគាត់
  • ជួយពួកគាត់ក្នុងការបង្កើតសន្តិសុខហិរញ្ញវត្ថុ និងជៀសវាងភាពតានតឹងផ្នែកហិរញ្ញវត្ថុ
  • ជួយអតិថិជនក្នុងការចាត់ចែងលំហូរសាច់ប្រាក់ និងការពង្រីកអាជីវកម្ម
  • ផ្តល់ប្រាក់កម្ចីដល់អតិថិជនឱ្យបានត្រឹមត្រូវ ទាំងពេលវេលា ទំហំកម្ចី និងរយៈពេលកម្ចី
  • ផ្តល់ប្រាក់កម្ចីក្នុងតម្លៃសមរម្យ និងមានលក្ខណៈប្រកួតប្រជែង
  • ជួយបង្កើនកម្រិតជីវភាព និងគុណភាពរស់នៅផ្ទាល់ខ្លួន/ គ្រួសារ
  • ស្តាប់អំពីការព្រួយបារម្ភ និងប្រតិកម្មរបស់អតិថិជន តាមរយៈការស្ទង់មតិអតិថិជន
  • អភិវឌ្ឍផលិតផល ដែលសមស្របតាមតម្រូវការរបស់អតិថិជន

សម្រាប់កម្មករនិយោជិត

  • ផ្តល់ការបណ្តុះបណ្តាលកសាងសមត្ថភាព ជំនាញវិជ្ជាជីវៈ
  • ផ្តល់ឱកាសការងារស្មើៗគ្នា
  • បង្កើតបរិយាកាសការងារប្រកបដោយសុខុមាលភាព និងផាសុកភាព
  • លើកកម្ពស់ក្រមសីលធម៌អាជីវកម្ម/ក្រមសីលធម៌វិជ្ជាជីវៈ
  • បង្កើនការយល់ដឹងអំពីទំនាស់ផលប្រយោជន៍
  • លើកកម្ពស់តម្លាភាព និងវប្បធម៌អនុលោមភាព
  • លើកតម្កើង សុចរិតភាព ភាពសាមញ្ញ ការច្នៃប្រឌិតបង្កើតថ្មី ទំនួលខុសត្រូវ និងអាថ៌កំបាំងវិជ្ជាជីវៈ ជាគុណតម្លៃស្នូល

សម្រាប់សហគមន៍ និងសង្គម

  • ជួយបង្កើតការងារ តាមរយៈការជ្រើសរើសបុគ្គលិក និងផ្តល់ប្រាក់កម្ចីដល់អតិថិជនសម្រាប់ការពង្រីកមុខរបរ
  • ជៀសវាងការផ្តល់ប្រាក់កម្ចីដល់ អាជីវកម្មខុសច្បាប់ ឬអាជីវកម្មហាមឃាត់
  • បង់ពន្ធដែលពាក់ព័ន្ធជូនរដ្ឋ ប្រកបដោយទំនួលខុសត្រូវ និងតាមពេលវេលាកំណត់
  • ចូលរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (ការលាងលុយកខ្វក់ ការបោកបន្លំ និងហិរញ្ញប្បទានភេវរកម្ម)
  • លើកទឹកចិត្តកម្មករនិយោជិតឱ្យធ្វើជាអ្នកស្ម័គ្រចិត្ត នៅក្នុងសកម្មភាពសហគមន៍

ខ. ការងារសប្បុរសធម៌

  • ចូលរួមបរិច្ចាគ ក្នុងការសាងសង់ សំណង់អគារនៅក្នុងមន្ទីរពេទ្យ និងសាលារៀន
  • បរិច្ចាគដល់មូលនិធិសម្រាប់ទ្រទ្រង់មន្ទីរពេទ្យ និងលើកទឹកចិត្តកម្មករនិយោជិតឲ្យចូលរួមកម្មវិធីបរិច្ចាគឈាម
  • បរិច្ចាគដល់ទីភ្នាក់ងារសប្បុរសធម៌ជាតិ និងអន្តរជាតិ សម្រាប់កម្មវិធីស្តារគ្រោះមហន្តរាយធម្មជាតិ កម្មវិធីអភិរក្ស និងអភិវឌ្ឍន៍បរិស្ថាន កម្មវិធីធនធានទឹក និងកម្មវិធីស្តារគ្រោះមហន្តរាយ។ ល។
  • ឧបត្ថម្ភការព្យាបាល ថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប

គ. វប្បធម៌សង្គម និងសកម្មភាពបរិស្ថាន

  • ចូលរួមលើកកម្ពស់សកម្មភាព វប្បធម៌-ប្រពៃណីខ្មែរ និងសាសនា
  • ចូលរួមបរិច្ចាគដើម្បីបំពេញកង្វះខាតរបស់វត្តអារាម / ព្រះវិហារសាសនា
  • លើកកម្ពស់ការការពារបរិស្ថានធម្មជាតិ ក្នុងចំណោមបុគ្គលិក