លោកបានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក តាំងពីឆ្នាំ ២០១៨ ក្នុងមុខតំណែងជា នាយកប្រតិបត្តិប្រតិបត្តិការ ហើយលោកបានផ្លាស់ប្តូរមុខតំណែងទៅជានាយកប្រតិបត្តិឥណទានវិញ នៅក្នុងខែ មករា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ។
លោកមានបទពិសោធន៍ការងារ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ ជាង១៥ឆ្នាំមកហើយ ដោយចាប់ផ្តើម ពីមុខតំណែងជាមន្រ្តីឥណទាន ហើយក្រោយមកលោកបានតែងតាំងជាបន្តបន្ទាប់ ក្នុងមុខតំណែងសំខាន់ៗជាច្រើនដូចជា៖ នាយកនាយកដ្ឋានកម្ចីសហគ្រាសខ្នាតតូច និងមធ្យម នាយកនាយកដ្ឋានប្រមូលបំណុល នាយកនាយកដ្ឋានប្រសិទ្ធភាពសាខា និងជានាយកនាយកដ្ឋានហានិភ័យឥណទាន។
លោកបានបញ្ចប់ ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យបៀលប្រាយ និងបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពាក់ព័ន្ធនឹងប្រធានបទមួយចំនួន ដូចជា កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ជាដើម។ល។ ក្នុងឆ្នាំ២០២១ លោកបានទទួលសញ្ញាបត្រ ជំនាញក្នុងការផ្តល់ឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ពីសាលាហិរញ្ញវត្ថុ និងគ្រប់គ្រងហ្រ្វែងហ្វឺត (Frankfurt School of Finance and Management)។