អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៃធនាគារឯកទេស ដូនពេញ ម.ក នៅខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកឧកញ៉ា ជាពាណិជ្ជករដ៏ឆ្នើម ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង និងគួរឱ្យគោរពមួយរូប នៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា បានចាប់ផ្តើមជំនួញ ដោយសហការជាមួយដៃគូ ជាជនជាតិសឹង្ហបូរី នាដើមឆ្នាំ១៩៩២ និងបានបង្កើតសហគ្រាសពាណិជ្ជកម្មដំបូងបំផុត នៅក្នុងឆ្នាំ១៩៩៣ ក្រោមនាមករណ៍ថា អេហ្សិត ឌីស្ទ្រ៊ីប្យ៊ូហ្សិន ជាមួយចក្ខុវិស័យអភិវឌ្ឍជំនួញចម្រុះពី A ដល់ Z។ អ្នកឧកញ៉ា បានវិនិយោគបង្កើតក្រុមហ៊ុនអាជីវកម្មជាច្រើនប្រភេទ លើវិស័យមួយចំនួន ក្នុងនោះអចលនទ្រព្យជាវិស័យស្នូល។ អ្នកឧកញ៉ា គឺជាប្រធានអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និង ក៏ជាវិនិយោគិននៅតាមបណ្តាប្រទេសមួយចំនួនដូចជា ភូមា ឥណ្ឌា សឹង្ហបូរី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិកថែមទៀតផង។
អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញនីតិឯកជន ពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជា ក្នុងឆ្នាំ២០០៥ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត លើមុខជំនាញរដ្ឋបាលសាធារណៈក្នុងឆ្នាំ២០០៧។ អ្នកឧកញ៉ា បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនលើការគ្រប់គ្រងពាណិជ្ជកម្ម នីតិវិនិយោគ ទីផ្សារភាគហ៊ុន និងជំនាញជាច្រើនទៀតចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១១ ឧកញ៉ា បានចូលរួមវគ្គសិក្សាអប់រំសម្រាប់អ្នកដឹកនាំប្រតិបត្តិជាន់ខ្ពស់ នៅឯ Harvard Kennedy School លើប្រធានបទស្តីពី ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចទីផ្សារ។ អ្នកឧកញ៉ា គឺជាបេក្ខភាពបណ្ឌិតរដ្ឋបាលសាធារណៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០១៣។
ជាមួយនឹងឧត្តមគតិស្នេហា និងអភិវឌ្ឍជាតិមាតុភូមិ អ្នកឧកញ៉ា បានចំណាយអស់ពីសមត្ថភាពទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ខ្លួន រយៈពេល១០ឆ្នាំ ដើម្បីចូលរួមបម្រើជាតិក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៨ អ្នកឧកញ៉ា ក្លាយជាសមាជិកសភាតំណាងរាស្ត្រ នៃរដ្ឋសភាជាតិ បន្ទាប់មក នៅឆ្នាំ២០០៨ អ្នកឧកញ៉ា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតដល់ឆ្នាំ២០១៣។
អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាសប្បុរសជនមួយរូប ដែលខ្នះខ្នែងក្នុងកិច្ចការលើកកម្ពស់សុខុមាលភាពសង្គម ដោយប្រើប្រាស់ប្រាក់ផលរបរដែលរកបាន ជួយដល់សង្គមជាតិ តាមរយៈសកម្មភាពនានា ក្នុងវិស័យជាច្រើន ទាំងដោយផ្ទាល់ និងតាមរយៈទីភ្នាក់ងារមនុស្សធម៌ជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា បានបរិច្ចាគថវិកាជាច្រើនលានដុល្លារ ដើម្បីបំពេញសេចក្តីខ្វះខាតរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប សាលារៀន វត្តអារាម ព្រះវិហារគ្រឹស្តសាសនា គម្រោងអភិវឌ្ឍន៍ និងការការពារបរិស្ថាន កម្មវិធីធនធានទឹកស្អាត និងគម្រោងស្តារគ្រោះមហន្តរាយ ជាដើម។ អ្នកឧកញ៉ា ក៏បានផ្តល់ការបរិច្ចាគដល់ការស្រាវជ្រាវផ្នែកមហារីក នៃមន្ទីរពេទ្យ Mayo Clinic ដ៏ល្បីនៅសហរដ្ឋអាមេរិកផងដែរ។