លោក អ៊ឹង ស៊ីវម៉េង បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ដូនពេញ ម.ក នៅខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក គឺជាពាណិជ្ជករវ័យក្មេងដ៏ប៉ិនប្រសប់ម្នាក់ និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford Brookes នៃចក្រភពអង់គ្លេស នាពេលថ្មីៗនេះ ដោយលោកទទួលបានសញ្ញាបត្រអនុបណ្ឌិត លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ច ។ លោកមានបទពិសោធន៍ដឹកនាំអាជីវកម្ម រយៈពេលចំនួន៧ឆ្នាំ នៅក្នុង បណ្តាប្រទេសចំនួន៣ ជាមួយក្រុមហ៊ុនមួយចំនួន រាប់ចាប់ពីការបង្កើតអាជីវកម្មខ្នាតតូចលើវិស័យបច្ចេកវិទ្យា រហូតឈានដល់ដំណាក់កាលចាកចេញប្រកបដោយជោគជ័យ ពីអង្គភាពដែលមានទំហំមធ្យម។ នៅក្នុងអង្គភាពអាជីវកម្មទាំងអស់នោះ លោកបានផ្តោតសំខាន់ទៅលើ ការងារកំណត់ផែនការយុទ្ធសាស្រ្ត ការគ្រប់គ្រងប្រតិបត្តិការ និងការគ្រប់គ្រងធនធានមនុស្ស។
បច្ចុប្បន្ន លោកមានតួនាទីជាអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ។ នៅក្នុងមុខតំណែងនេះ បានអនុញ្ញាតឱ្យលោកពង្រីកការយល់ដឹងអំពីអាជីវកម្មនៅក្នុងវិស័យជាច្រើន។ តាមរយៈប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន បានគ្របដណ្តប់លើវិស័យជាច្រើន ដូចជា វិស័យអចលទ្រព្យ ធនាគារ ធានារ៉ាប់រង ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន និងវិស័យអប់រំ ជាដើម។ គុណតម្លៃរបស់លោកចំពោះក្រុមហ៊ុន គឺការផ្សារភ្ជាប់ជំនាញបច្ចេកទេសដែលលោកទទួលបានពីខាងក្រៅ ក្នុងការធ្វើផែនការ និងការគ្រប់គ្រង ដើម្បីជួយចាត់ចែងអាជីវកម្មដ៏សំបូរបែបនៃសម្ព័ន្ធក្រុមហ៊ុន។
ក្រៅពីមុខជំនួញរបស់សម្ព័ន្ធក្រុមហ៊ុន លោក ស៊ីវម៉េង បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ច ទៅលើនវានុវត្តន៍នៃបច្ចេកវិទ្យានាពេលអនាគត តាមរយៈបណ្តាញទំនាក់ទំនងរបស់លោកទាំងនៅក្នុង និងក្រៅប្រទេស ដើម្បីជួយដោះស្រាយបញ្ហាដែលលោកចាត់ទុកថាជារឿងសំខាន់បំផុត។ ទាំងនេះរួមបញ្ចូលក្រុមហ៊ុនទាំងឡាយ ដែលប្រតិបត្តិការក្នុងវិស័យថែទាំសុខភាព និងថែទាំមនុស្សចាស់ សុខភាពផ្លូវចិត្ត និងសេវាកម្មសន្តិសុខ ជាដើម។